(ភ្នំពេញ)៖ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ត្រូវបានចុះបញ្ជីសមាគម និងទទួលស្គាល់ជាផ្លូវការពីរាជរដ្ឋា ភិបាលកម្ពុជា តាមរយៈសេចក្តីសម្រេច របស់ក្រសួងមហាផ្ទៃលេខៈ ៩៨៥៧ប្រក ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ក្រុមហ៊ុនអ្នកវិនិយោគ វិស័យអភិវឌ្ឍន៍លំនៅឋាន ដោយសមាគម ទទួលបានសមាជិកដំបូងជាផ្លូវការចំនួន ៣២ក្រុមហ៊ុន ដើម្បីទ្រទ្រង់សមាគមឲ្យមានសកម្មភាព រហូតមកដល់បច្ចុប្បន្ននេះ ។
ចាប់តាំងពីបានចុះបញ្ជីផ្លូវការរួចមក ក្រោមការដឹកនាំរបស់លោកឧកញ៉ា លី ហួរ ជាប្រធានសមាគ ក្រុមលេខាធិការដ្ឋាននៃសមាគម បានខិតខំរៀបចំបែបបទមូលដ្ឋានរដ្ឋបាល គ្រប់គ្រាន់ក្នុងនោះរួមមាន ៖ លក្ខន្តិកៈសមាគម បទបញ្ជាផ្ទៃក្នុងសមាគម រចនាសម្ព័ន្ធដឹកនាំសមាគម និងបង្កើតឲ្យមានការិយាល័យធ្វើការរបស់សមាគម ដែលមានអាស័យដ្ឋាន៖ ជាន់ទី៤ អគារលេខ ៨៥៨៨ ផ្លូវគីមអ៊ីលស៊ុង(២៨៩) សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង ដោយមានប្រធាន១រូប អនុប្រធាន ១០រូប ក្រុមអគ្គលេខាធិការដ្ឋាន៥ រូប មេធាវី ១រូប ទីប្រឹក្សាសមាគម២រូប ជំនួយការប្រធានសមាគម ១រូប និងមានគណៈកម្មាការទទួលបន្ទុកតាមវិស័យនីមួយៗ ដូចជា៖ គណៈកម្មការទំនាក់ទំនងជាតិ និងអន្តរជាតិ គណៈកម្មការគ្រប់គ្រងហិរញ្ញវត្ថុ និងគណៈកម្មការបណ្តុះបណ្តាល និងស្រាវជ្រាវ ។
ព្រមទាំងបានបង្កើតអោយមានប្រព័ន្ធផ្សព្វផ្សាយ website ឈ្មោះ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា Housing Development Association of Cambodia www.hdacambodia.comនិង page facebook ឈ្មោះសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា www.facebook.com/hdacambodia។ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យផ្នែកធុរជនវិស័យសំណង់ បុរី លំនៅដ្ឋានរបស់យើង តាមរយៈសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន និងតាមរយៈសភាពាណិជ្ជកម្មកម្ពុជាផងដែរ បានក្លាយជាសហប្រធាន ក្នុងក្រុមមួយថ្មីបន្ថែម ក្នុងវេទិកាដៃគូ រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ។
ដោយយោងលើភាពរីកចម្រើន លើវិស័យអភិវឌ្ឍន៍លំនៅឋាននេះ ឥតឈប់ឈរ ដែលជាផ្នែកមួយ នៃឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ រួមចំណែកអភិវឌ្ឍន៍ វិស័យអចលនទ្រព្យកម្ពុជា មិនថានៅទីក្រុងភ្នំពេញ សូម្បីតែនៅតាមបណ្តាខេត្តនានា គឺជាវាលស្រែ ឬដីដែលបោះបង់មិនសូវមានតម្លៃ ត្រូវបានប្រែក្លាយជាដីមានតម្លៃហើយ ពោរពេញដោយសំណង់ អគារទំនើបៗ បុរីលំនៅឋាន ផ្ទះល្វែង មជ្ឈមណ្ឌល់ពានិជ្ជកម្ម អគារការិយាល័យ ផ្សារទំនើប និងសំណង់ដែលមានលក្ខណៈទំនើបៗ មានបណ្តាញហេដ្ឋារចនាសម្ព័ន្ធ បណ្តាញផ្លូវ បណ្តាញទឹក និងមានប្រព័ន្ធអគ្គិសនី រួមចំណែកលើកកំពស់ជីវភាពប្រជាជន រស់នៅសមរម្យ ផ្តល់ឲ្យនិស្សិតមានការងារធ្វើ រួមចំណែកក្នុងការជួយចំណូលរដ្ឋាភិបាល តាមរយៈការបង់ពន្ធលើវិស័យអភិវឌ្ឍន៍លំនៅឋាន ហើយការបង់ពន្ធ លើវិស័យនេះស្ថិតនៅចំណាត់ថ្នាក់ទីខ្ពស់ បន្ទាប់ពីវិស័យឧស្សាហកម្ម និងវិស័យពានិជ្ជកម្មផ្សេងទៀត ជួយរុញកំណើនសេដ្ឋកិច្ចជាតិ និងបានលើកកំពស់កិត្តិយសមុខមាត់កិត្យានុភាពជាតិកម្ពុជា ចំពោះអន្តរជាតិផងដែរ។
ពិសេស ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួលស្គាល់ថា កម្ពុជាមាន សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ លើគ្រប់វិស័យគួរជាទីមោទនៈភាពបំផុត ។ ជាក់ស្តែងគិតត្រឹមដើមឆ្នាំ២០១៦ វិស័យសំណង់ក្នុងប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ សំណង់អាគារខ្ពស់លើសពី៥ជាន់ គឺមានចំនួនជាង៦០០កន្លែង និងសំណង់បុរីមាន ចំនួនជាង ១១០ទីតាំង ហើយសំណង់ទាំងនោះ បានពង្រាយពាសពេញទាំង១២ខណ្ឌរាជធានីភ្នំពេញ នេះនៅមិនទាន់រាប់បញ្ចូលសណង់ ដែលនៅតាមបណ្តាខេត្តនានាផងដែរ។
ការបង្កើតសមគមអ្នកអភិវឌ្ឍន៍ លំនៅឋានកម្ពុជានេះឡើង គឺពិតជាស្របនឹងកាលៈទេសៈ និង សភាពការណ៍សេដ្ឋកិច្ចកម្ពុជា ហើយគោលបំណង និងបេសកម្មរបស់សមាគមគឺដើម្បី៖
១.ផ្ដល់ជាវេទិកាផ្លាស់ប្ដូរ បទពិសោធន៍គ្នាទៅវិញទៅមក រវាងអ្នកវិនិយោគល់វិស័យ សំណង់ បុរី និង លំនៅឋាន ។
២.ជួយដោះស្រាយបញ្ហារួម និងបញ្ហាដោយឡែករបស់ សមាជិក-សមាជិកា ព្រមទាំងផ្ដល់ការប្រឹក្សាយោបល់លើបញ្ហាហិរញ្ញវត្ថុ ពន្ធដារ ច្បាប់លើវិស័យសំណង់ បុរី និង លំនៅឋាន ។
៣.ផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន ស្វែងរកដៃគូរវិនិយោគ និងបណ្ដាក់ទុនក្នុងការធ្វើជំនួញតាមរយៈសមាគម ។
៤.តួនាទីរួមចំណែកមួយផ្នែកទៀត គឺសមាគម ក៏នឹងចូលរួមចំណែកសហការផ្ដល់ព័ត៌មាន ជូនដល់រាជរដ្ឋាភិបាលពាក់ព័ន្ធ នឹងការអភិវឌ្ឍន៍ នៃវិស័យសំណង់លំនៅឋាន នៅកម្ពុជា និង ទប់ស្កាត់រាល់ការវិនិយោគ ដែលមានភាពមិនច្បាស់លាស់ ឬបង្ករភាពចលាចលដល់ទីផ្សារលំនៅឋាននៅកម្ពុជា ។ សកម្មភាពទាំងអស់ គឺក្នុងបំណងជារួម ដើម្បីរួមចំណែកអភិវឌ្ឍន៍លំនៅដ្ឋាននៅកម្ពុជា ព្រមទាំងចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ និងឧត្តមភាពនៃមាតុភូមិកម្ពុជា ។
សមគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា មានផែនការផ្សព្វផ្សាយ ពីសមាគមឲ្យគ្រប់មជ្ឈដ្ឋានឲ្យទទួលស្គាល់ សមាគមកាន់តែច្រើនទាំងអ្នកវិនិយោគជាតិ និងអន្តរជាតិ ជាពិសេសអ្នកវិនិយោគ លើវិស័យអភិវឌ្ឍន៍លំនៅឋាន និងទាក់ទាញឲ្យចូលជាសមាជិក សមាគមឲ្យបានកាន់តែច្រើន។ សង្ឃឹមថានៅថ្ងៃខាងមុខក្រុមហ៊ុន អ្នកវិនិយោគវិស័យអភិវឌ្ឍន៍លំនៅឋាន សម្រេចចិត្តចូលរួមជាសមាជិក សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កាន់តែច្រើន ជាកំលាំងចលករមួយក្នុងការទ្រទ្រង់ សមាគមឲ្យកាន់តែរីកចំរើន និងចូលរួមក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ ៕