(ប៉េកាំង)៖ សហរដ្ឋអាមេរិក នឹងធ្វើការដាក់ពង្រាយប្រព័ន្ធការពារគ្រាប់មីស៊ីល THAAD នៅប្រទេសកូរ៉េខាងត្បូង ដែលហេតុផល​ចម្បងនោះ គឺខ្លួនអះអាងថា ដើម្បីការពារការគំរាមកំហែង​​ពីសំណាក់​ប្រទេស​កូរ៉េ​ខាងជើង ប៉ុន្តែប្រទេសជិតខាងមិនល្ងង់ជឿតាមការលើកឡើងបែបនេះឡើយ ដោយវាទំនងជាមិនមែនផលប្រយោជន៍របស់ទីក្រុងសេអ៊ូល នោះឡើយ តែវាជាការគាំទ្ររបៀបវារៈ​សម្ងាត់របស់​អាមេរិកទៅវិញ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០១៦។

រយៈពេលពីរសប្តាហ៍ទៅហើយ ដែលក្រសួងការបរទេសកូរ៉េខាងត្បូង បានប្រកាសពីកិច្ចព្រមព្រៀង ដែលត្រូវបានបង្កើតឡើងរវាងទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន ឲ្យមានការដាក់ពង្រាយប្រព័ន្ធ​ការពារគ្រាប់​មីស៊ីលកម្រិតខ្ពស់ THAAD នៅតំបន់ភាគខាងត្បូង ប្រទេសកូរ៉េខាងត្បូង បើទោះបីជាប្រទេសជិតខាងទាំងអស់ មានដូចជា រុស្ស៊ី ចិន និង កូរ៉េខាងជើង បានធ្វើការជំទាស់ និងព្រមានចាត់វិធានការក្តៅយ៉ាងណាក៏ដោយ។

រំលឹកអ្វីដែលមាននៅក្នុងកិច្ចព្រមព្រៀងនោះ បានបញ្ជាក់ថា ថ្មផ្ទុកថាមពលគ្រប់គ្រងលើ THAAD នឹងត្រូវបញ្ជាដោយកងទ័ពអាមេរិក នៅកូរ៉េខាងត្បូង ហើយ និងប្រព័ន្ធរ៉ាដាបញ្ជាប្រតិបត្តិការ មិនត្រូវបាន​ផលិតឡើង ដោយតម្លាភាពនោះទេ។

ប្រទេសចិន និងរុស្ស៊ី បានសម្តែងការប្រឆាំងយ៉ាងខ្លាំង ចំពោះការដាក់ពង្រាយប្រព័ន្ធ THAAD នេះក៏ព្រោះតែប្រព័ន្ធរ៉ាដា X-band របស់វា អាចមានសមត្ថភាពចាប់ទីតាំងណាមួយក្នុងទឹកដីចិន និងរុស្ស៊ី ក៏បាន ហើយជាពិសេសនោះក៏អាចធ្វើការតាមដានទៅដល់ប្រទេសកូរ៉េខាងជើងថែមទៀត។

ជាងនេះទៅទៀតប្រព័ន្ធរ៉ាដា  AN/TPY-2 ដែលធ្វើការព្រមានពីគ្រាប់មីស៊ីលនោះ ក៏អាចធ្វើការចាប់ទីតាំងក្នុងរយៈចម្ងាយពី ៦០០ ទៅ ៨០០គីឡូម៉ែត្រឯណោះ ដែលកូរ៉េខាងត្បូង ក៏មានគំរោ​ង​អនុញ្ញាត​ឲ្យអាមេរិកធ្វើការបំពាក់ថែមទៀតដែរ។ យ៉ាងណាក៏ដោយប្រព័ន្ធរ៉ាដា  AN/TPY-2 នេះ អាចនឹងត្រូវអាមេរិកធ្វើការ អភិវឌ្ឍឲ្យមានសមត្ថភាពចាប់ទីតាំងជុំវិញបានរហូតដល់ទៅ ២,០០០ គីឡូម៉ែត្រ បានយ៉ាងងាយតាមរយៈប្រព័ន្ធ hardware ដូចគ្នារបស់វា ដែលអាចធ្វើការអភិវឌ្ឍសមត្ថភាពបាន។

គួរបញ្ជាក់ថា បើទោះបីជាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបញ្ជាក់ថា គោលដៅរបស់ពួកគេ មិនមែនជាប្រទេសចិន ឬមួយ ក៏រុស្ស៊ីក៏ដោយ ក៏ការបំពាក់ប្រព័ន្ធទាំងនេះ មិនអាចធ្វើការបកស្រាយ​ក្នុងន័យបច្ចេកទេសជាក់ស្តែងនោះឡើយ ព្រោះវាកំពុងបង្ហាញថា ទីក្រុងវ៉ាស៊ីនតោន បានលាក់បាំងគោលដៅសម្ងាត់របស់ខ្លួនច្បាស់ក្រឡែតទៅហើយ។ តាមព័ត៌មានចុងក្រោយប្រព័ន្ធ THAAD នឹងត្រូវដាក់ពង្រាយនៅស្រុក Seongju ចម្ងាយ ៣០០គីឡូម៉ែត្រនៃភាគអាគ្នេយ៍ ទីក្រុងសេអ៊ូល ខណៈដែលប្រជាកសិករនៅក្នុងតំបន់ បានសម្តែងការជំទាស់រួចជាស្រេចទៅហើយ៕