(ភ្នំពេញ)៖ លោក កែម ឡី ដែលប្រជាពលរដ្ឋខ្មែរបានស្គាល់យ៉ាងច្បាស់ថា ជាអ្នកវិភាគបញ្ហាសង្គម និងនយោបាយនោះ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ យ៉ាងឃោរឃៅ នៅក្នុងស្តាម៉ាតស្ថានីយប្រេងឥន្ធនៈកាល់តិចជាប់ស្តុបបូកគោ ខណ្ឌចំការមន នាវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦នេះ ពេលកំពុងអង្គុយផឹកកាហ្វេ។ មរណភាពរបស់លោក កែម ឡី បាននាំឲ្យមានសម្រែកសោកស្តាយយ៉ាងខ្លាំងពីសំណាក់ក្រុមគ្រួសារ មន្រ្តីអង្គការសង្គមស៊ីវិល រួមទាំងអ្នកវិភាគបញ្ហាសង្គមដូចជារូបលោក។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏ដូចប្រមុខដឹកនាំបក្សនយោបាយនានា បានចូលរួមសម្តែងនូវសមានទុក្ខក្រៀម ក្រំជាមួយក្រុមគ្រួសារសព និងទទូចឲ្យសមត្ថកិច្ចវែកមុខឃាតក និងអ្នកពាក់ព័ន្ធ ដើម្បីផ្តល់យុត្តិធម៌ជូនសព ក៏ដូចជាក្រុមគ្រួសារ។

សពរបស់លោក កែម ឡី ត្រូវបានប្រជាពលរដ្ឋចូលរួមដង្ហែយ៉ាងច្រើន កកកុញតាមរថយន្តលុច្សស៊ីស របស់លោកឆ្ពោះ ទៅតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅវត្តចាស់ ត្រើយខាងកើតស្ពានជ្រោយចង្វា ខណ្ឌជ្រោយចង្វា ក្រោមសម្រែកខ្សឹកខ្សួលស្តាយស្រណោះជាពន់ពេក។

ឱកាសដ៏សែនក្តុកក្តួលរំជួលចិត្តអង្គភាព Fresh News សូមដកស្រង់ប្រវត្តិត្រួសៗ របស់លោក កែម ឡី ជូនប្រជាពលរដ្ឋខ្មែរបានជ្រាបក៏ដូចជា ឧទ្ទិសដល់ ដួងវិញ្ញាណក្ខន្ធរបស់លោក កែម ឡី ផងដែរ។

លោក កែម ឡី កើតនៅក្នុងគ្រួសារមួយមានជីវភាពក្រីក្រ ក្នុងភូមិអង្គតាកុក ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ។ មានឪពុកជាសាស្ត្រាចារ្យ ស្លាប់ក្នុងជំនាន់ ប៉ុល ពត ធ្វើឲ្យលោក និងបងប្អូនប្រុសស្រីពីរនាក់ទៀត ក្លាយជាកូនកំព្រា រស់នៅជាមួយម្តាយមេម៉ាយ ចាប់តាំងពីឆ្នាំ១៩៧៩ មក។

បើទោះបីជាមានម្តាយជាលក់នំបញ្ចុក លោក កែម ឡី បានខិតខំព្យាយាមតស៊ូរៀនសូត្រ រហូតដល់ទទួលបានសញ្ញាបត្រជាន់ខ្ពស់ នៅឯបរទេស។ ដោយសារតែម្តាយជួបការលំបាកខាងជីវភាព ពេលរៀនបានត្រឹមថ្នាក់ទី៥ លោក កែម ឡី បានទៅសុំរស់នៅជាមួយអ្នកលក់គុយទាវម្នាក់ នៅទីរួមខេត្តតាកែវ ដើម្បីបន្តការសិក្សាទៅមុខទៀត រហូតប្រឡងជាប់បាក់ឌុបនៅអំឡុងឆ្នាំ១៩៨៨។

ក្រោយបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ លោក កែម ឡី បានចាកចេញពីខេត្តតាកែវ មកសុំស្នាក់អាស្រ័យនៅវត្តបទុមវតី រាជធានីភ្នំពេញដើម្បីបន្តការសិក្សា នៅមហាវិទ្យាល័យ។ លោកបានស្នាក់នៅវត្តរហូតដល់រៀនចប់មហាវិទ្យាល័យ។ សូមបញ្ជាក់ថា បន្ទាប់ពីប្រឡងជាប់បាក់ឌុប លោក កែម ឡី បានប្រឡងជាប់ ចូលរៀនថ្នាក់គ្រូពេទ្យមធ្យម O.S (Officier de Sante) ជំនាន់ទី៩ នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រ បច្ចុប្បន្ន មានឈ្មោះថា សកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល។ លោកបានរៀនចប់ពេទ្យមធ្យមនៅឆ្នាំ១៩៩៣។

លោក កែម ឡី ក៏ទទួលបានសញ្ញាបត្រនៅសាកលវិទ្យាល័យ ជូឡាឡុងកន ប្រទេសថៃ ផ្នែកជំនាញសិក្សាស្រាវជ្រាវលើផ្នែកសុខភាពសាធារណៈ និង ទទួលបានសញ្ញាបត្រពី សាកលវិទ្យាល័យម៉ាឡៃយ៉ា ប្រទេសម៉ាឡេស៊ី លើផ្នែកវិទ្យាសាស្ត្រសង្គម។

លោក កែម ឡី បានចូលបម្រើការងារនៅមន្ទីរពេទ្យខេត្តតាកែវ ពីឆ្នាំ ១៩៩៤-២០០២ ផ្នែកជំងឺអេដស៍ AIDS។ ដោយសាមានបញ្ហា ទាក់ទងអំពើពុករលួយលុយជំនួយរបស់អង្គការជួយផ្នែកជំងឺ AIDS នេះ លោក កែម ឡី បានឈប់ធ្វើការងាររដ្ឋ ដោយព្យួរក្របខណ្ឌរដ្ឋ ហើយទៅធ្វើការងារ ឲ្យអង្គការក្រៅរដ្ឋាភិបាលនានា។

ក្រោយឈប់ធ្វើការងាររដ្ឋ លោក កែម ឡី បានទៅធ្វើការនៅកាកបាទក្រហមកម្ពុជា។ បន្ទាប់មកលោកបានចេញទៅធ្វើការនៅអង្គការក្រៅរដ្ឋាភិបាល និងទៅធ្វើជាអ្នកប្រឹក្សាឲ្យអង្គការ UNDP អស់រយៈពេល៤ឆ្នាំ។ ក្រោយពីបញ្ចប់ការងារនៅ UNDP លោកបានទៅធ្វើការឲ្យក្រុមហ៊ុនមួយនៅថៃ ដែលក្រុមហ៊ុននោះ ធ្វើការងារជួយសង្គមច្រើន ជាពិសេសជួយដល់ជនក្រីក្រនៅថៃ នៅកម្ពុជា នៅចិន និងនៅឥណ្ឌា ហើយបន្ទាប់ពីនោះ លោកបានទៅធ្វើជាទីប្រឹក្សាឲ្យក្រសួងសុខាភិបាល ខាងមូលនិធិសកល។ ក្រោយមកទៅកាន់ខាងបណ្តាញអង្គការក្រៅរដ្ឋាភិបាលហៅ HACC បានមួយរយៈ។

បច្ចុប្បន្ន លោក កែម ឡី គឺជាអ្នកសិក្សាស្រាវជ្រាវផ្នែកសង្គមកិច្ច បន្ទាប់មកខាងផ្នែកដីធ្លី សិទ្ធិលំនៅឋាន សិទ្ធិមនុស្ស ធនធានរ៉ែ ហើយនៅពេលថ្មីៗនេះ លោកបានធ្វើការសិក្សាស្រាវជ្រាវភាគច្រើនទៅលើរឿងនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ល។ ការសិក្សាស្រាវជ្រាវនេះ មិនមែនជាលុយទេ ភាគច្រើន ធ្វើជាទីប្រឹក្សាខ្លីៗ ឲ្យអង្គការសហប្រជាជាតិ ឲ្យដៃគូអភិវឌ្ឍន៍ ឲ្យអង្គការអន្តរជាតិហើយនិងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក។

លោក កែម ឡី បានរៀបការនៅឆ្នាំ២០០១ ហើយបច្ចុប្បន្នមានកូនសុទ្ធតែប្រុសចំនួន៤រូប កូនបងអាយុ ១២ឆ្នាំ និងកូនប្អូនអាយុ៤ឆ្នាំ។ ភរិយារបស់លោកមានឈ្មោះ ប៊ូ រចនា អាយុ ៣៦ឆ្នាំ ជាអ្នកលក់ខោអាវនៅហាងមួយឈ្មោះថា រចនា ឡី នៅខាងត្បូងផ្សារបឹងកេងកង។ ភរិយារបស់កំពុងមានកូនក្នុងផ្ទៃ ដែលជិតគ្រប់ខែផងដែរ៕