(ភ្នំពេញ)៖ ដើម្បីបន្ថយកំដៅនយោបាយនៅកម្ពុជា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន បានហៅទូរស័ព្ទដោយផ្ទាល់ មកកាន់លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅនេះ។

ទាំងការចេញផ្សាយរបស់គេហទំព័ររបស់ អង្គការសហប្រជាជាតិនៅថ្ងៃទី០៩ ខែមិថុនា ក៏ដូចជាការចេញផ្សាយរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦នេះ បានបញ្ជាក់ដូចគ្នាថា លោក បាន គីមូន ពិតជាបានព្រួយបារម្ភ ទៅលើស្ថានការណ៍នយោបាយ នៅកម្ពុជា នាពេលបច្ចុប្បន្ន ហើយបានស្នើឲ្យគណបក្សនយោបាយធំៗទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្រ្គោះជាតិ បន្តចាប់យកប្បធម៌សន្ទនា ដើម្បីបន្ថយកម្តៅនយោបាយនេះ។

ឆ្លើយតបការចង់បានការចងភ្ជាប់វប្បធម៌សន្ទនារបស់លោក បាន គីមូន នោះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ថា រាជរដ្ឋាភិបាលពិតជាចង់បានវប្បធម៌សន្ទនានេះ ហើយវប្បធម៌សន្ទនានេះ ត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា តែលោក សម រង្ស៊ី ប្រធាន និងលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បង្កបញ្ហានាំឲ្យបែកបាក់ និងលែងដំណើរការ។ នេះបើតាមការចេញផ្សាយរបស់ក្រសួងការបរទេស។

បើតាមការចេញផ្សាយនេះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់យ៉ាងដូច្នេះ «ចំពោះវប្បធម៌សន្ទនា គឺយើងចង់បានណាស់។ សូមរំលឹកជូនលោកអគ្គលេខាធិការដែរថា វប្បធម៌សន្ទនានេះ គឺផ្តួចផ្តើមឡើងដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ប៉ុន្តែជាច្រើនលើកច្រើនសារ មេដឹកនាំទាំងពីររូប នៃគណបក្សប្រឆាំង គឺលោក សម រង្ស៊ី និង លោក កឹម សុខា បានធ្វើនូវអំពើ ដែលបង្កើតឲ្យមានការមិនទុកចិត្តគ្នា ការខឹងសម្បារ ការបែកបាក់ ហើយធ្វើឲ្យវប្បធម៌សន្ទនា លែងដំណើរការទៅវិញ។ យើងចង់បានវប្បធម៌សន្ទនានេះ ដើម្បីមានបរិយាកាសសន្តិភាព ក្នុងសង្គម ដែលនឹងនាំទៅដល់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នាពេលខាងមុខ»។

សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងគណបក្សសង្រ្គោះជាតិ ដឹកនាំដោយលោក សម រង្ស៊ី បានសម្រេចបង្កើតវប្បធម៌សន្ទនាកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដើម្បីបិទបញ្ចប់ការខ្វែងគំនិតគ្នា លើលទ្ធផលបោះឆ្នោតជាតិ នៅខែកក្កដា ឆ្នាំ២០១៣។

តាមរយៈវប្បធម៌សន្ទនា បានធ្វើឲ្យមេដឹកនាំ នៃគណបក្សនយោបាយទាំងពីរ សម្តេចតេជោ ហ៊ុន សែន និង លោក សម រង្ស៊ី មានឱកាសបង្ហាញភាពល្អូកល្អិន ជាមួយគ្នាជាញយដង ដល់ប្រជាពលរដ្ឋខ្មែរ ហើយក៏ទទួលបានការសាទរខ្លាំងណាស់ផងដែរ។

តែទោះជាយ៉ាងចំណងវប្បធម៌សន្ទនា ដែលគេហៅថា រាត្រីទឹកឃ្មុំនោះ ក៏បានរងការប្រេះស្រាំបន្តិចម្តងៗ រហូតដល់សន្មត់ថាបែកបាក់ទាំង ស្រុងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ជាថ្ងៃដែលលោក សម រង្ស៊ី បានរត់ចេញពីប្រទេសកម្ពុជា ដើម្បីគេចចេញពីការតាមចាប់ខ្លួន ក្នុងសំណុំរឿងបរិហារកេរ្តិ៍ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។

ការឈានមកដល់ដំណាក់កាលប្រេះឆា នៃវប្បធម៌សន្ទនានេះ បន្ទាប់ពីលោក សម រង្ស៊ី លោក កឹម សុខា រួមនិងសមាជិកបក្សប្រឆាំងជាច្រើនរូបទៀត តែងតែព្យាយាមហៅរាជរដ្ឋាភិបាលកម្ពុជា មកពីគណបក្សប្រជាជនកម្ពុជាថា ជារាជរដ្ឋាភិបាលផ្តាច់ការ និងព្យាយាមចោទរាជ រដ្ឋាភិបាលលើសំណុំរឿងព្រំដែនជាដើម បើទោះបីមានការបញ្ជាក់ភាពស្អាតស្អំ ពីរាជរដ្ឋាភិបាល តាមរយៈការផ្ទៀងផ្ទាត់ផែនទីរបស់រាជរដ្ឋាភិ បាលជាមួយផែនទី របស់អង្គការសហប្រជាជាតិ និងផែនទីយកពីប្រទេសបារាំង ក៏ដោយនោះ៕