(ភ្នំពេញ)៖ អ្នកនាំពាក្យរដ្ឋសភានៅថ្ងៃនេះ បានចេញមកអះអាងជាថ្មីម្តងទៀតថា ការសម្រេចរបស់តំណាងរាស្រ្តឲ្យតុលាការចាត់នីតិវិធី ទៅលើសំណុំរឿងរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី៣០ ខែឧសភា កន្លងទៅនោះ គឺត្រឹមត្រូវទៅតាមច្បាប់ ដោយសំអាងលើហេតុផល ៣យ៉ាង ហើយគ្មានការគាបសង្កត់ពីស្ថាប័នណាមួយនោះឡើយ។

យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរដ្ឋសភានៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា ហេតុផល ៣យ៉ាង ដែលនាំឲ្យសមាជិកសភាសម្រេចឲ្យសាលាដំបូងរាជធានីភ្នំពេញ បន្តនីតិវិធីលើសំណុំរឿងរបស់លោក កឹម សុខា នោះរួមមាន៖

១. ការអនុម័តបញ្ជាក់នូវការបញ្ចេញមតិរបស់សមាជិករដ្ឋសភាទាំង ៦៨រូប ដែលមិនគាំទ្រឲ្យតុលាការផ្អាកការចោទប្រកាន់លោក កឹម សុខា ដោយយល់ឃើញថា លោក កឹម សុខា ពិតជាបានប្រព្រឹត្តបទល្មើសជាក់ស្តែងប្រាកដមែន។

២. ការអនុម័តឲ្យតុលាការបន្តនីតិវិធីរបស់ខ្លួន លើករណីលោក កឹម សុខា គឺស្របនឹងបទបញ្ញត្តិ នៃមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ។

៣. ការអនុម័តឲ្យតុលាការបន្តនីតិវិធីរបស់ខ្លួន ត្រូវចាត់ទុកជាបានការ ព្រោះស្របតាមបទបញ្ញត្តិ នៃប្រការ៤១ថ្មី នៃបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា។

សូមបញ្ជាក់ថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងខាងក្រសួងយុត្តិធម៌លើសំណុំរឿង របស់លោក កឹម សុខា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ តំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជា ៦៨រូប បានលើកដៃគាំ ទ្រឲ្យតុលាការបន្តនីតិវិធីលើសំណុំរឿងរបស់លោក កឹម សុខា ដែលត្រូវបានចោទប្រកាន់ពីបទសញ្ចារកម្ម។

ក្រោយការសម្រេចរបស់រដ្ឋសភា ក្រុមសមាជិករដ្ឋសភាមកពីគណបក្សសង្រ្គោះជាតិ ដែលមិនបានចូលរួមកិច្ចប្រជុំនោះ បានចេញផ្សាយសេចក្តីថ្លែងការណ៍ថា រដ្ឋសភាបានធ្វើតាមការគាបសង្កត់បង្គាប់បញ្ជាពី ស្ថាប័នផ្សេងពាក់ព័ន្ធការការពារអភ័យឯកសិទ្ធសភារបស់តំណាងរាស្រ្ត។ សេចក្តីថ្លែងការណ៍ បានលើកឡើងផងដែរថា រដ្ឋសភា មិនមានសិទ្ធិក្នុងការអនុម័តដោយមតិភាគច្រើនដាច់ខាត ដើម្បីអនុញ្ញាតឲ្យតុលាការបន្តនីតិវិធីរបស់ខ្លួន ទៅលើតំណាងរាស្រ្ត ដែលបានប្រព្រឹត្តបទល្មើសថែមទៀតផង៕