(ភ្នំពេញ)៖ ភ្នាក់ងារ Fresh News ដែលប្រចាំសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា នៅខណៈពេលនេះ ចៅក្រមស៊ើបសួរលោក លាង សំណាត់ បានសម្រេចចេញដីកាឃុំខ្លួន លោក ស៊ុត ឌីណា ជាបណ្តោះអាសន្ន បន្ទាប់ពីលោក មាស ច័ន្ទពិសិដ្ឋ សម្រេច​ចោទប្រកាន់​២បទ ​កេងយកប្រយោជន៍ដោយខុសច្បាប់​ តាម​មាត្រា​៥៩៧ និង​៥៩៨ នៃ​ក្រមព្រហ្មទណ្ឌ​ និង​បទរំលោភ​អំណាច​ តាម​មាត្រា​៣៥​ ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើពុករលួយ​។ បទល្មើស​នីមួយៗ​កំណត់​ការ​ផ្តន្ទា​ទោស​ពី​២ឆ្នាំ​ ទៅ​៥ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​៤លាន​រៀល ​ទៅ​១០លាន​រៀល​។

សូមជំរាបថា អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួន លោក ស៊ុត ឌីណា ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង មកសាកសួរជាលើកទី២ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ គ្រាដែលរូបលោកចូលជួបឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។ លោក ឱម យ៉ិន ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា ការឃាត់ខ្លួនលោក ស៊ុត ឌីណា បានធ្វើឡើង បន្ទាប់ពីបានរកឃើញតម្រុយជាច្រើន ក្នុងនោះមានព័ត៌មានផ្សាយនៅលើ Facebook អំពីភាពមិនប្រក្រតីរបស់លោក ឌីណា រួមមានពាក្យប្តឹងពីក្រសួងការបរទេស ទាំងនៅភ្នំពេញ និងកូរ៉េខាងត្បូងផងដែរ។

បន្ថែមពីលើការប្តឹងនេះ ACU ក៏បានបញ្ជូនមន្រ្តីរបស់ខ្លួន ៦នាក់ ទៅប្រមូលព័ត៌មាននៅកូរ៉េផងដែរ។

លោក ស៊ុត ឌីណា ជាសមាជិកម្នាក់ នៃក្រុមចលនានិស្សិត ដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលបានធ្វើសកម្មភាពយ៉ាងស្រួចស្រាវប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា នៅចុងទសវត្សរ៍ឆ្នាំ១៩៩០។ លោក ឌីណា ធ្លាប់បានបង្កើត និងដឹកនាំគណបក្សរណសិរ្សជាតិខ្មែរ មុនពេលចាកចេញពីគណបក្សនរោត្តមរណឫទ្ធិក្នុងឆ្នាំ២០០៦។

លោក ស៊ុត ឌីណា បានចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០០៩ និង ទទួលបានការតែងតាំងជាអនុរដ្ឋលេខាធិ ការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ លុះឆ្នាំ២០១៤ រូបលោកត្រូវបានរាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន តែងតាំងឲ្យបំពេញការងារជាឯកអគ្គរាជទូតខ្មែរ ប្រចាំប្រទេសកូរ៉េខាងត្បូង។

ការដាក់លោក ស៊ុត ឌីណា ទៅកាន់ប្រទេសកូរ៉េខាងត្បូង ធ្វើឡើងចំពេលមានពលករ និងប្រជាពលរដ្ឋខ្មែរ នៅកូរ៉េខាងត្បូង មានការថ្នាំងថ្នាក់ច្រើន ជាមួយរាជរដ្ឋាភិបាល ពីការបម្រើសេវានៅទីនោះ។ ក្នុងរយៈពេលប្រមាណជា២ឆ្នាំ នៃការបំពេញការងារទូតនៅកូរ៉េខាងត្បូង លោក ឌីណា ហាក់បានធ្វើសកម្មភាពច្រើន ក្នុងការបង្កើតប្រជាប្រិយភាពរបស់រាជរដ្ឋាភិបាល ជាមួយពលករ និងប្រជាពល រដ្ឋនៅប្រទេសកូរ៉េខាងត្បូង។

ទន្ទឹមការស្តារប្រជាប្រិយភាពជាមួយប្រជាពលករ តាមរយៈការបង្កើនប្រសិទ្ធភាពលើការផ្តល់សេវានោះ លោក ឌីណា ក៏តែងមានរឿង រកាំរកូសជាមួយក្រសួងការបរទេសជាបន្តបន្ទាប់ ហើយក៏ធ្លាប់មានការថ្នាំងថ្នាក់ខ្លាំងជាមួយឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង អតីតរដ្ឋ មន្រ្តីក្រសួងការបរទេសកម្ពុជាផងដែរ៕