(ភ្នំពេញ)៖ ក្នុងឱកាសនៃពិធីសំណេះសំណាល សួរសុខទុក្ខជាមួយប្រជាជន ៣៤១១គ្រួសារ នៅទីលានបាល់ទាត់ខេត្តឧត្តរមានជ័យ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់អនុសាសន៍សំខាន់ បួនចំណុច ដូចខាងក្រោម៖

.សូមអំពាវនាវដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសប្បុរសជនទាំងឡាយ ត្រូវនាំគ្នាយកចិត្តទុកដាក់ ចំពោះប្រជាជនក្រីក្រ ចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍ ជនពិការ ដើម្បីចូលរួមកាត់បន្ថយ ភាពងាយរងគ្រោះរបស់ពួកគេ។

.ចំពោះយុទ្ធជនពិការ ដែលបានលក់របបសង្គមកិច្ច (សៀវភៅបន្ទុក) ទៅឱ្យអ្នកផ្សេង សូមអាជ្ញាធរមានសមត្ថកិច្ច ជួយដោះស្រាយ ទៅយកសៀវភៅរបបនោះមកវិញ ដើម្បីពួកគាត់អាចបន្តជីវភាព រស់នៅបានដោយទទួលរបបសង្គមកិច្ច ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។ សូមអាជ្ញាធរមានសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន ជួយឱ្យអ្នកទាំងនោះ មានជីវភាពសមរម្យ សក្តិសមទៅនឹងគុណតម្លៃ គុណបំណាច់ ដែលយុទ្ធជនទាំងនោះ ធ្លាប់បានលះបង់ ប្តូរផ្តាច់ ដើម្បីជាតិមាតុភូមិយើង។

.សូមប្រជាពលរដ្ឋបង្កើន ការយកចិត្តទុកដាក់លើសុខុមាលភាព ដោយថែរក្សាអនាម័យ បរិភោគទឹកឆ្អិន ហើយចំពោះស្ត្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាព តាមកាលកំណត់របស់ពេទ្យជំនាញ ដើម្បីសុខភាពល្អ ទាំងម្តាយ និងទារក។ សម្រាប់ស្ត្រីដែលមានផ្ទុកមេរោគអេដស៍ ហើយមានផ្ទៃពោះត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ ប្រើថ្នាំពន្យាជីវិតឱ្យបានទៀងទាត់ ទប់ស្កាត់ការឆ្លងអេដស៍ពីម្តាយទៅកូន។ សំណូមពរដល់ប្រជាជនយើងទាំងមូល សូមមេត្តាកុំរើសអើង ដល់អ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍ ដែលរស់នៅក្នុងសហគមន៍របស់ខ្លួន ដោយប្រែក្លាយទៅជាការស្រឡាញ់ អាណិត ដោយចាត់ទុកថា អ្នកទាំងអស់នោះគឺជាជនរងគ្រោះ។ ជាមួយគ្នានោះ សូមអ្នកដែលមានផ្ទុកមេរោគ និងអ្នកជំងឺ មេត្តាកុំចម្លងទៅឱ្យអ្នកថ្មីទៀត។

.សូមប្រជាជនទាំងអស់ ជៀសចាកឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីកាត់បន្ថយការរងគ្រោះ និងរក្សាអាយុជីវិតមានតម្លៃរបស់ខ្លួន៕