(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅប្រទេសបារាំង បានចេញសេចក្តីថ្លែងការណ៍មួយបង្ហាញការខឹងសម្បាខ្លាំង និងបានហៅការលើកឡើងរបស់លោក សម រង្ស៊ី ប្រធានសង្រ្គោះជាតិថា «អ្នកចុច Like ទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានមកពីការទិញ ពលរដ្ឋក្រីក្រ អត់ការងារធ្វើ» ជាការប្រមាថធ្ងន់ធ្ងរលើតម្លៃប្រជាពលរដ្ឋខ្មែរ និងសុំឲ្យលោក សម រង្ស៊ី ចេញមកសុំទោសជាសាធារណៈ។

លោក សម រង្ស៊ី មេបក្សប្រឆាំងនៅកម្ពុជា ដែលកំពុងរស់នៅក្រៅប្រទេសគេចពីបណ្តឹងនានានៅកម្ពុជា បានវាយប្រហារធ្ងន់ៗទៅលើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីទំព័រ Facebook នេះ ទទួលបានអ្នកគាំទ្រជាង ៣លាននាក់ ពោលកើនឡើងលើសទំព័រ Facebook របស់លោក សម រង្ស៊ី ជាង១លាននាក់។

លោក សម រង្ស៊ី នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ បានសរសេរលើទំព័រ Facebook របស់លោកថា ចំនួនអ្នកចុច Likes មួយចំនួនធំ លើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន បានមកពីការទិញ ឬជួលមនុស្សក្រីក្រ ដែលអត់ការងារធ្វើឲ្យបង្កើត Accounts (គណនេយ្យ) Facebook ក្លែងក្លាយ ដើម្បីចុច Likes។ លោក សម រង្ស៊ី បានលើកឡើងទៀថា អ្នកដែលជួលឲ្យចុច Like នេះ មានចំនួនច្រើនជាងគេនៅប្រទេសឥណ្ឌា និង ប្រទេសហ្វីលីពីន។

ពលរដ្ឋខ្មែរនៅបារាំង ដែលមានលោក សាត វិច្ឆិកា ជាតំណាង តាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦នេះ បានលើកឡើងថា ការសរសេររបស់លោក សម រង្ស៊ី នេះ គឺជាការសរសេរពាក្យអកុសល ខ្វះភាពថ្លៃថ្នូរ គ្មានការទទួលខុសត្រូវ ហើយជាការប្រមាថមាក់ងាយ ប្រជាពលរដ្ឋខ្មែរ និង ប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសប្រមុខដឹកនាំប្រទេសជាទីគោរព អាណិត ស្រឡាញ់ពេញចិត្តរបស់ប្រជាពលរដ្ឋខ្មែរ។

តាមរយៈសេចក្តីថ្លែងការណ៍ដដែលនេះ ក្រុមប្រជាពលរដ្ឋនៅប្រទេសបារាំង ដែលបានអះអាងថា ជាអ្នកចុច Like ទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន យ៉ាងពិតប្រាកថបានលើកឡើងទៀតថា ពួកគេមិនអាចទទួលយកបានឡើយចំពោះការលើកឡើងរបស់លោក សម រង្ស៊ី និង សុំឲ្យមានការសូមទោសជាសាធារណៈផងដែរ។ ប្រជាពលរដ្ឋនៅប្រទេសបារាំង បានលើកឡើងដូច្នេះ «យើងខ្ញុំទាំងអស់គ្នា មិនអាចទទួលយកបាន និងសុំថ្កោលទោសចំពោះការប្រើពាក្យ ដ៏សែនអាវិជ្ជា ធ្វើឲ្យប៉ះពាល់បាត់បង់កិត្តិយស មាក់ងាយប្រជារាស្រ្តខ្មែរ ដែលមានសិទ្ធិពេញលេញ ស្របតាមច្បាប់ជាតិ អន្តរជាតិ និង សុំឲ្យលោក សម រង្ស៊ី ចេញមុខសុំទោសយើងខ្ញុំ ក៏ដូចជាប្រជាពលរដ្ឋខ្មែរជាច្រើនទៀត ដែលបានចូលចិត្ត (Like) ទំព័រ Facebook របស់សម្តេចតេជោ ជាដាច់ខាត»។

លោក សម រង្ស៊ី ប្រធានបក្សប្រឆាំង ធ្លាប់បានបង្ហាញមោទនភាពរបស់ខ្លួនថា ជាអ្នកមានប្រជាប្រិយភាពជាងគេលើ Facebook នៅកម្ពុជា តែបច្ចុប្បន្នទំព័រ Facebook របស់លោក មានអ្នកគាំទ្រចាញ់ទំព័រ Facebook នាយករដ្ឋមន្រ្តីរហូតដល់ទៅជាង ១លាននាក់ បន្ទាប់ពីនាយករដ្ឋមន្រ្តី បានប្រកាសប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមួយនេះជាផ្លូវការ ត្រឹមរយៈពេលមិនដល់មួយឆ្នាំផងនោះ។

ក្រៅពីការនិយាយបរិហារកេរ្តិ៍លើចំនួនអ្នកគាំទ្រ Facebok របស់សម្តេចតេជោ ហ៊ុន សែន នាំឲ្យប្រជាពលរដ្ឋខ្មែរនៅប្រទេសបារាំង ខឹងសម្បារក្តៅក្រហាយហើយនោះ លោក សម រង្ស៊ី នៅបានបង្ហោះលិខិតមួយច្បាប់ទៀតថា មានការណែនាំ និងជំរុញពីមន្រ្តីជាន់ខ្ពស់របស់ រាជរដ្ឋាភិបាលកម្ពុជា ឲ្យចូលទៅចុច Like ទំព័រ Facebook សម្តេច និងចុច Unlike ទំព័រ Facebook របស់លោក សម រង្ស៊ី ។

ការលើកឡើងនេះ នៅថ្ងៃទី១០ ខែមីនា ម្សិលមិញនេះ លោក សោម សឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានសម្រេចដាក់ពាក្យបណ្តឹង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងលោក សម រង្ស៊ី ពីបទក្លែងលិខិតនៅលើទំព័រ Facebook ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរថ្នាក់ដឹកនាំជាតិ និងរូបលោកផងដែរ។ លោក សោម សឿន បានប្តឹងទារសំណងជំងឺចិត្ត ២០លានរៀលពីលោក សម រង្ស៊ី៕