(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានថ្លែងតាមទូរស័ព្ទប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា ឃាតកម្មដែលកាត់ក្បាលនារី នៅផ្ទះសំណាក់ ក្រុងសៀមរាប គឺផ្តើមចេញពីរឿង បុរសជាឃាតកចូលស្តីដណ្តឹងនារីនោះមិនបាន ហើយខឹង, ណាត់គ្នាទៅជួបនៅផ្ទះសំណាក់ សម្លាប់កាត់ក្បាលតែម្តង។
លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា៖ ឃាតកមានគ្នា២នាក់ នៅពេលនេះម៉ោងប្រមាណជិត៧យប់នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ឃាតកម្នាក់ទៀត ត្រូវបានកម្លាំងសមត្ថកិច្ចចាប់បានម្នាក់ទៀតហើយ។ បុរសដែលជាឃាតកនោះមានប្រពន្ធ និងកូន៣-៤នាក់ហើយ។ ព្យាយាមចូលស្តីដណ្តឹងនារីរងគ្រោះ ប៉ុន្តែមិនបាន។
លោកអភិបាលបានបញ្ជាក់បន្ថែមថា សមត្ថកិច្ចចាប់បាន ខណ:ឃាតកកំពុងដុតក្បាលជនរងគ្រោះ នៅខាងក្រោយផ្ទះ ស្ថិតនៅភូមិព្រៃចាស់ សង្កាត់គោកចក ក្រុងសៀមរាប ពោលជិតព្រលានយន្តហោះ។
លោក អ៊ូ សុផល នាយរងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់ Fresh News ថា មូលហេតុដែលនាំឲ្យជនដៃដល់សម្លាប់ជនរងគ្រោះនោះ មូលហេតុផ្តើមចេញពីរឿងស្នេហាត្រីកោណ។ លោក អ៊ូ សុផល ដែលកំពុងសួរនាំជនសង្ស័យ ហើយឆ្លៀតប្រាប់ Fresh News នោះបានបញ្ជាក់ថា ជនសង្ស័យមានប្រពន្ធរួចហើយតែក្រោយមក មានបញ្ហាជាមួយប្រពន្ធដើម រហូតសុំលែងលះ តែលែងមិនទាន់ដាច់។
បន្ទាប់មកឃាតកក៏មានទំនាក់ទំនង ជាមួយនារីរងគ្រោះ រហូតចូលស្តីដណ្តឹង ហើយឈានទៅដល់ការរៀបចំពិធីមង្គលការ ប៉ុន្តែដំណើរការរៀបចំ អាពាហ៍ពិពាហ៍ទៅមិនរួច ដោយហេតុថា ជនសង្ស័យមិនទាន់លែងប្រពន្ធដាច់ស្រេច។
ក្រោយមានបញ្ហា នារីរងគ្រោះបានចាត់ទុកថា ជនសង្ស័យបោកប្រាស់រហូតឈ្លោះគ្នាយ៉ាងខ្លាំង ហើយជនសង្ស័យក៏រៀបចំផែនការសម្លាប់ នារីរងគ្រោះ រហូតកាត់ក្បាលតែម្តង។
ឃាតកម្នាក់មានឈ្មោះ ចាន់ ឆាយយ៉ា ហៅ សំ ភារ៉ាត់ អាយុ៤០ ស្រុកកំណើត នៅខេត្តបាត់ដំបង ហើយនៅពេលនេះស្ថិតក្រោមការសាកសួររបស់ នគរបាលជំនាញនៅឡើយ ដើម្បីយកព័ត៌មានលំអិតថែមទៀត៕