​(សៀមរាប)៖ អំពើឃាតកម្ម ដ៏សាហាវមួយបានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅម៉ោង១២ថ្ងៃត្រង់ ទី១៣​ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតនៅផ្លូវផ្សារញ៉ែ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប​ ចំណុចផ្ទះសំណាក់ យីហោប្រាសាទកែវ។ ក្រោយមានការភ្ញាក់ផ្អើល សមត្ថកិច្ចបានមកត្រួតពិនិត្យ និងបានសន្និដ្ឋានថា សាកសពនារីរងគ្រោះ អាចឃាតក សម្លាប់នៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០១៦នេះ ដោយឃាតក ជាជនដៃដល់ សម្លាប់យ៉ាងព្រៃផ្សៃ​កាត់ក្បាល នារីម្នាក់ ហើយយកក្បាលទៅបាត់ ខណៈដែលសមត្ថកិច្ចរកមិនឃើញក្បាលនោះឡើយ គ្រប់បន្ទប់ទាំងអស់។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា​ រហូតមកដល់ពេលនេះ សមត្ថកិច្ចជាច្រើន មាននគរបាល អាវុធហត្ថ រួមនឹងអាជ្ញាធរ បានកំពុងតែធ្វើការត្រួតពិនិត្យ ដោយមានលោក សំរិទ្ធ សាខុន ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តសៀមរាបផងដែរ។ សាកសពនារីរងគ្រោះ តាមការសន្និដ្ឋាន របស់សមត្ថកិច្ច មានអាយុមិនលើសពី២០ឆ្នាំនោះទេ ស្លៀកខោខូវប៊យ ជើងវែង សម្បុរស។ សាកសពត្រូវបាន ប្រទះឃើញ ​រុំកន្សែងពណ៌ផ្កាឈូក ញាត់ចូលក្រោមគ្រែ នៅបន្ទប់លេខ៣០១ នៃផ្ទះសំណាក់ ខាងលើ។

សមត្ថកិច្ច នៅកន្លែង​កើតហេតុ និយាយថា ក្បាលសាកសព​រកមិនឃើញនោះទេ នៅតាម​បន្ទប់ទាំងអស់ របស់ផ្ទះសំណាក់​៕​