(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់មាតាបិតា អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសយុវជនតែម្តង ឲ្យចូលរួមដាក់ចេញវិធានការនានា ដើម្បីទប់ស្កាត់ទង្វើខុសឆ្គងរបស់យុវជន ដែលបានប្រព្រឹត្តនៅក្នុងថ្ងៃ «ទិវា នៃក្តីស្រឡាញ់ ១៤ កុម្ភៈ» ដែលជាការជាន់ឈ្លីធ្ងន់ធ្ងរដល់វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ជាតិខ្មែរ។

ទិវា នៃក្តីស្រឡាញ់ ដែលជាប្រពៃណីរបស់គ្រិស្តសាសនិកជន នឹងឈានចូលមកដល់ទៀតហើយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ ស្អែកនេះ។ មានការមើលឃើញថា យុវវ័យខ្មែរជាច្រើន បានជ្រើមជ្រួលខ្លាំងជាមួយថ្ងៃ១៤ កុម្ភៈ នេះ ហើយមានយុវវ័យខ្លះបានយល់ច្រឡំថា ថ្ងៃនេះ គឺជាថ្ងៃបង្ហាញសេចក្តីស្រឡាញ់របស់ពួកគេចំពោះគូសង្សារ រហូតមានយុវវ័យខ្លះហ៊ានលះបង់សព្វបែបយ៉ាង សូម្បីតែខ្លួនប្រាណនៅក្នុងថ្ងៃមួយនេះ។

នៅក្នុងសេចក្តីអំពាវនាវរបស់ក្រសួងវប្បធម៌ ដោយមានបង្កប់សារក្រើនរំលឹក «រួមគ្នា ដើម្បីការពារ និងអភិរក្សវប្បធម៌ប្រពៃណីជាតិ ដ៏ប្រពៃរបស់យើង!» ដែល Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក្រសួងវប្បធម៌បានក្រើនរំលឹកទៅដល់សាធារណជន ជាពិសេសក្រុមយុវវ័យថា «វាជាការចាំបាច់ ដែលសង្គមកម្ពុជា ជាពិសេសស្រទាប់យុវជន ត្រូវដឹងឲ្យពិតប្រាកដជាទីបំផុត នូវវប្បធម៌ប្រពៃណី ដ៏ថ្លៃថ្នូរជាមរតកញើសឈាម ដែលបុព្វបុរសបន្សល់ទុកឲ្យ ហើយក៏ត្រូវស្វែងយល់ឲ្យបានគ្រប់ជ្រុងជ្រោយពីខ្លឹមសារ និងឥទ្ធិពល នៃទំនៀមទម្លាប់ និងវប្បធម៌ពីក្រៅ ដើម្បីបន្ស៊ីចូលទៅក្នុងឥរិយាបថ និងបរិបទ នៃសង្គមរបស់ខ្លួន សំដៅរក្សានូវអត្ថិភាពជាប្រជាជាតិថ្លៃថ្នូរមួយ ដ៏ចំណាស់»។

ក្រសួងវប្បធម៌បានលើកឡើងថា ទិវា នៃក្តីស្រឡាញ់នៅកម្ពុជា ក៏ជាឱកាស នៃការចែកចាយ និងធានាថា ក្តីស្រឡាញ់ ដ៏ទូលំទូលាយមួយត្រូវបានធ្វើឡើងក្នុងសន្តានចិត្តដ៏ស្មោះសរ ចំពោះមនុស្ស ដែលនៅជុំវិញខ្លួន មានជាអាទិ៍ ក្រុមគ្រួសារ ឪពុកម្តាយ ប្តីប្រពន្ធ កូនចៅ និងចំពោះអ្នកដែលនៅក្នុងសង្គមជាមួយគ្នា ដូចជាជនពិការ កុមារកំព្រា និងអ្នកដែលខ្សត់ខ្សោយជាងខ្លួន...៕