(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់កម្ពុជា និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ​​ ស៊ីផាន បានថ្លែងបញ្ជាក់ និងអះអាងប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចនាល្ងាចថ្ងៃទី១២ ខែកុម្ភៈនេះថា លិខិតរបស់សមាជិក​ព្រឹទ្ធសភា​​អាមេរិកចំនួន៧រូប ដែលផ្ញើមកកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា តាមរយៈអ៉ីម៉ែលទៅកាន់ក្រសួងការបរទេសកម្ពុជាថ្មីៗនេះ ត្រូវបានក្រសួងការបរទេសកម្ពុជា ចុចផ្ញើត្រឡប់ទៅវិញ ដោយសំអាងថា គ្មានសារៈប្រយោជន៍ក្នុងការបើកមើលនោះទេ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ក៏បានអះអាងប្រាប់ Fresh News មុននេះបន្តិចដែរថា ស្ថានទូតខ្មែរប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បានផ្ញើលិខិតរបស់សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ត្រឡប់ទៅវិញដែរ។

សូមជំរាបថា សមាជិក​ព្រឹទ្ធសភា​​អាមេរិកចំនួន៧រូប​ កាលពីម្សិលមិញ បានសរសេរ​លិខិតមួយទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយ​សម្តែងនូវការព្រួយបារម្ភអំពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ហើយអំពាវនាវឱ្យរដ្ឋាភិបាលបើកផ្លូវដល់តំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិទាំងអស់ អាចដើរតួនាទីរបស់ខ្លួនតាមបែបប្រជាធិបតេយ្យ ដោយមិនទទួលការបំភិតបំភ័យ ឬគម្រាមកំហែង។

ទោះជាយ៉ាងនេះក្តី លោក ផៃ ស៊ីផាន បានចាត់ទុកថា លិខិតរបស់ព្រឹទ្ធសភាអាមេរិក ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន គ្រាន់តែជាការបញ្ចេញមតិប៉ុណ្ណោះ មិនបានឆ្លុះបញ្ចាំង អំពីព្រឹទ្ធសភាអាមេរិកទាំងអស់នោះទេ៕