(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ ក្មេងទំនើងម្នាក់ដែលជាប់ពាក់ព័ន្ធ ទៅនឹងបទល្មើសព្រហ្មទណ្ឌពង្រត់កូនស្រីគេចេញពីផ្ទះដោយធ្វើការ បង្ខាំងទុក មិនឲ្យមកជួបគ្រួសារ ត្រូវបានកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួន។
មន្ត្រីនគរបាល នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានថ្លែងឲ្យដឹងថា ជនសង្ស័យជាក្មេងទំនើបចាប់ពង្រត់កូនស្រីគេរូបនេះ ឈ្មោះ រ៉ែម ឧសភា អាយុជាង២០ឆ្នាំ មុខរបរមិនពិតប្រាកដ ត្រូវបានចាប់ខ្លួននៅក្បែរផ្សារទួលទំពូង ក្នុងខណ្ឌចំការមន ហើយនៅពេលនេះត្រូវបានឃុំខ្លួន ជាបណ្តោះអាសន្ននៅនាយកដ្ឋានព្រហ្មទណ្ឌ ដើម្បីត្រៀមបញ្ជូនទៅកាន់តុលាការផ្តន្ទាទោស តាមផ្លូវច្បាប់។
ការឃាត់ខ្លួនក្មេងទំនើងរូបនេះ ធ្វើឡើងក្រោយពីក្រុមគ្រួសារនារីរងគ្រោះ បានដាក់ពាក្យបណ្តឹង ទៅសមត្ថកិច្ច ពាក់ព័ន្ធទៅនឹងសកម្មភាព បទល្មើសព្រហ្មទណ្ឌទាំងនេះដែលបានកើតឡើង អស់រយៈពេល ប្រមាណ៤ សប្តាហ៍មកហើយ។
ពាក្យបណ្តឹងរបស់ស្រ្តីជាម្តាយ បានបង្ហាញការឈឺចាប់ទៀតថា ជនបង្ករូបនេះបានគំរាមកំហែងដល់អាយុជីវិតលើក្រុមគ្រួសារ របស់គាត់ បំផ្លាញទ្រព្យសម្បត្តិ និងរៀបចំបង្កអំពើហិង្សានៅពេលដែលក្រុមគ្រួសារចង់ទៅជួបកូនស្រី។ ជាមួយគ្នានេះជនបង្ក ឈ្មោះ រ៉ែម ឧសភា ក៏ជាមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនផងដែរ ដូច្នេះក្នុងករណីនេះជនសង្ស័យអាចបង្ខំឲ្យនារីរងគ្រោះ ប្រើប្រាស់គ្រឿងញៀនទៀតផង៕