(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ឈា ឆដាភាប្រធានមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព នៃក្រសួងសុខាភិបាល បានថ្លែងថានៅចុងឆ្នាំ២០១៩នេះក្រសួងសុខាភិបាលនឹងចាប់ផ្ដើម អុវត្ដច្បាប់ចុះផាកពិន័យជាប្រាក់ ទៅដល់ម្ចាស់អង្គភាព ស្ថាប័ន និងអ្នកជក់បារី នៅតាមទីតាំងដែលត្រូវបានហាមឃាត់(តាមទីសាធារណៈកន្លែងធ្វើការនិងទីតាំងហាមឃាត់ផ្សេងៗទៀត) បន្ទាប់ពីក្រសួងបានចុះទៅអប់រំ និងផ្សព្វផ្សាយទូទាំងប្រទេសរួចហើយនោះ។
ការថ្លែងបែបនេះរបស់លោកស្រីក្នុងឱកាសប្រារព្ធទិវាពិភពលោកគ្មានថ្នាំជក់ក្រោមប្រធានបទ«ថ្នាំជក់ និងសុខភាពសួត» ដែលប្រព្រឹត្ដទៅនៅទីស្ដីការក្រសួងសុខាភិបាល នៅថ្ងៃទី ៣០ ខែឧសភានេះ។
លោកស្រីវេជ្ជបណ្ឌិត ឈា ឆដាភា បានថ្លែងបន្ដថា «ច្បាប់ចុះទៅផាកពិន័យជាប្រាក់នេះ គឺបានដាក់ចេញរួចមកហើយ តែយើងមិនទាន់ចុះទៅផាកភ្លាមៗនោះទេ គឺចុះទៅអប់រំ ផ្សព្វផ្សាយផ្ទាល់ ដល់ប្រជាជន និងអាជីករ រួចរាល់ហើយ ទើបយើងចុះផាកពិន័យ ។ យន្ដការផាកពិន័យនេះគឺជាយន្ដការដ៏សំខាន់នៅក្នុងការអនុវត្ដច្បាប់ដើម្បីឱ្យពួកគាត់បញ្ឈប់ការជក់បារីនៅតាមទីសាធារណៈនិងតាមទីតាំងមួយចំនួនដែលត្រូវហាមឃាត់ព្រោះថា ការផាកជាទឹកប្រាក់មានចំនួនតិចតួចមែន ប៉ុន្តែពេលដែលមន្រ្តីអធិការកិច្ច ផលិតផល ផាកពន័យអាចមានអ្នកយកសារព័ត៌មានទៅជាមួយ។
លោកស្រីបានបន្ដថាក្រសួងមានមន្រ្ដីអធិការកិច្ច៤៩០នាក់នៅទូទាំងប្រទេសដើម្បីចុះទៅអនុវត្ដច្បាប់ផាកពិន័យនេះដោយសម្រាប់ម្ចាស់ភោជនីយដ្ឋាន ឬសណ្ឋាគារ ត្រូវចូលរូមអនុវត្តច្បាប់ អនុកឹត្យស្ដីពី វិធានការហាមជក់ ឫ បង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ ឫទីសាធារណ:ដោយ
១៖ ដាក់បិទស្លាកសញ្ញាហាមជក់បារីនៅច្រកចេញចូលដែលធ្វើអោយសាធារណ:ជនងាយស្រួលមើលឃើញច្បាស់
២៖ បង្កាប់បញ្ជាអ្នកជក់បារីមិនឲ្យជក់នៅកន្លែងហាមឃាត់
៣៖មិនត្រូវដាក់តាំងចាន ឫធុងគោះបារី
បើមិនដូច្នេះទេ មន្រ្ដីអធិការកិច្ចនឹងផាកពិន័យជាប្រាក់៥ម៉ឺនរៀល ក្នុងមួយករណី និងអ្នកជក់ បារី២ម៉ឺនរៀល ។
លើសពីនោះមន្ត្រីអធិការកិច្ចក៏នៅតែបន្តការចុះធ្វើអធិការកិច្ចដដែលដើម្បីបង្កើនការផ្សព្វផ្សាយ និងអប់រំដល់ម្ចាស់អង្គភាព និងអ្នកជក់បារី ឱ្យបានយល់ដឹងកាន់តែច្បាស់ ដើម្បីការពារដល់សុខភាពរបស់ប្រជាពលរដ្ឋពិសេសជៀសផុតពីជំងឺដែលបណ្តាលមកពីការប្រើប្រាស់ថ្នាំជក់ រួមមាន ជំងឺមហារីកសួត ជំងឺដាច់សសៃឈាម ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺជាច្រើនទៀតពីក្បាលដល់ចុងជើង ដោយសារការជក់បារីនេះ។
រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក អ៊ឹង ភីរុន ក៏បានអំពាវនាវដល់អាជីវករលក់ដូរទាំងអស់ កុំលក់បារីដែលគ្មានដាក់សារព្រមានសុខភាពលើកញ្ចប់បារី លោកបានអំពាវអំនាវដល់អ្នកលក់ កុំលក់បារី និងប្រេងសាំងក្បែរគ្នាដើម្បីការពារកុំឲ្យមានហានិភ័យកើតឡើងនិងគោរពច្បាប់ទាំងអស់គ្នា ដើម្បីទទួលបានសុខភាពរួមទាំងជៀសផុតពីការផាកពិន័យជាប្រាក់ផងដែរ ។
សូមជម្រាបថាជារៀងរាល់ឆ្នាំប្រទេសកម្ពុជាបានខាតបងថវិកាប្រមាណ១៦៣លានដុល្លារអាមេរិក ទៅលើការព្យាបាលជំងឺ រួមទាំងការបាត់បង់កំលាំងពលកម្ម និងស្លាប់ដោយសារជក់បារី ជាង១ម៉ឺននាក់ ក្នុងមួយឆ្នាំ៕