(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានព្រមាននាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) ​ប្រចាំនៅតំបន់​អាស៊ី​ លោក ប្រែត អាដាម ថាកុំធ្វើខ្លួនដូចជាដឹងរឿងនៅកម្ពុជាច្បាស់ជាងអ្នកនៅក្នុងស្រុកខ្មែរតទៅទៀត​ ខណៈដែលលោកមាននិន្នាកាកាន់ជើងតែងអតីតបក្សប្រឆាំងយ៉ាងងុបងល់នោះ។

លោក សុខ ឥសាន បានបន្ថែមថា បុគ្គលប្រែត អាដាម គឺជាអ្នកប្រឆាំងនឹងភាពសុខសាន្ត ក៏ដូចជាភាពរីកចម្រើនរបស់កម្ពុជា ម្ល៉ោះហើយបានជាមន្រ្តីសិទ្ធិមនុស្សដែលធ្លាប់រងការបណ្តេញចេញពីកម្ពុជារូបនេះ តែងតែធ្វើការរិះគន់ និងវាយប្រហារលើ រាជរដ្ឋាភិបាលកម្ពុជា មិនចេះជិនណាយ ទោះបីជាអ្វីដែលរាជរដ្ឋាភិបាលធ្វើនោះត្រឹមត្រូវក៏ដោយ។

លោក សុខ ឥសាន បានថ្លែងយ៉ាងដូច្នេះ៖ «ដោយនៅពីចម្ងាយពីកម្ពុជា​ ប្រែត​ អាដាម ធ្វើខ្លួនដូចជាដឹងរឿងនៅកម្ពុជា ច្បាស់ជាងអ្នកនៅក្នុងស្រុកខ្មែរទៅទៀត​ ដោយសារតែបុគ្គលរូបនេះមាននិន្នាកាកាន់ជើងអតីតបក្សប្រឆាំងយ៉ាងងុបងល់​»។

ជាមួយគ្នានេះដែរ លោកក៏បានចោទសួរទៅ ប្រែត​ អាដាំ ថា​វត្ថុដែលអាចសម្លាប់មនុស្សហៅថាស្អីទៅវិញ​? កាំបិត​ ពូថៅ​ ចំពាមកៅស៊ូគ្រាប់ដែក​ ដបសាំងមានដុំភ្លើង​ មិនមែនជាអាវុធទេ ឬ​ព្រោះមិនមែ​នជាកាំភ្លើង​ជាកាំជ្រួច​ជាមីស៊ីល​។ ចុះសម័យបុរាណ​គេប្រើដាវ លំពែង​ ធ្នូ​ ស្នា​ អង្គប់​ ចម្រូង​ តើឧបករណ៍តាំងនេះដែលមិនមែនជាកាំភ្លើងនោះជាអាវុធដែរ​ ឬទេ​?។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ បានបន្ថែមទៀតថា ម៉្យាងទៀត​ ហេតុម៉េចបានជា ប្រែត​ អាដាំ ដឹងរឿងជាង កឹម​ សុខាម៉្លេះ​? បើ កឹម​ សុខា​ ដែលជាអ្នកអនុវត្តផែនការរបស់បរទេសផ្ទាល់​បានលាតត្រដាងដោយខ្លួនឯងអស់ខ្ទេចអស់ខ្ទីររួចហើយហ្នឹង​។ ឯ ប្រែត​ អាដាំ ជាអ្នកក្រៅសោះ​ ហេតុអ្វីបានជាហ៊ានអះអាងច្បាស់ម្ល៉េះ​?។ នេះមិនជាការកាន់ជើងទេឬ?

លោក សុខ ឥសាន បានបញ្ជាក់ថា ឥឡូវទោះបីខិតខំកាន់ជើងទាំងទទឹងទិសយ៉ាងណាក៏ឥតប្រយោជន៍ដែរ​ ពីព្រោះគ្មានអ្នកណាដឹងជាងសាមីជនទេ​ ដែលនេះជាភស្តុតាងដាក់បន្ទុករបស់តុលាការ​៕