(តាកែវ)៖ លោក ពេជ សោភ័ន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាសហប្រធានក្រុមការងារថ្នាក់ជាតិរបស់គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកព្រៃកប្បាស បានលើកឡើងប្រាប់ប្រជាពលរដ្ឋថា កម្ពុជាសំណាងណាស់ដែលបានរួចផុតពីរបបប្រល័យពូជសាសន៍ ចាប់ពីថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ និងបានគេចផុតពីបដិវត្តពណ៌នៅអំឡុងឆ្នាំ២០១៣ ដែលហៀបនឹងកើតឡើងដោយសារអំពើក្បត់ជាតិរបស់ពួកអតីតបក្សប្រឆាំង។

លោកបណ្ឌិតបានថ្លែងបែបនេះ នៅក្នុងពិធីផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្ដាលលើទី៤១ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា និងពិធីរំឭកខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នះ ៧ មករា ដែលប្រារព្ធឡើងនាថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋគប្បីចងចាំនូវថ្ងៃរំដោះ ៧មករា ព្រោះជាថ្ងៃរួចផុតជីវិតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាថ្ងៃកំណើតទីពីររបស់ប្រជាជនខ្មែរគ្រប់រូប ហើយដោយសារមានថ្ងៃ៧មករានេះហើយ ទើបប្រជាពលរដ្ឋមានអ្វីគ្រប់បែបយ៉ាងដូចពេលបច្ចុប្បន្ន។ ប៉ុន្តែខណៈដែលកម្ពុជាកំពុងមានសន្តិភាព មានភាពរីកចម្រើន ប្រជាពលរដ្ឋមានភាពសុខសាន្ត បែរជាមានពួកអតីតបក្សប្រឆាំងដែលជាកូនចឹងរបស់បរទេស ផ្សំគំនិតគ្នារៀបគម្រោងការបដិវត្តពណ៌ ចង់មកបំផ្លាញសន្តិភាពនេះវិញ។ ប៉ុន្តែដោយសារការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានទប់ស្កាត់ទង្វើ «សន្ទិដ្ឋិភាពជាមួយបរទេស» នេះទាន់ពេល ទើបកម្ពុជាគេចផុតពីបដិវត្តពណ៌នេះ។

លោក ពេជ សោភ័ន បានបន្តថា ទោះបីជារាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ បានទប់ស្កាត់ទង្វើរបស់ពួកក្បត់ជាតិយ៉ាងនេះក្ដី ប៉ុន្តែពួកនេះនៅតែស្រែកបំភ្លៃសភាពការពិតក្នុងប្រទេសកម្ពុជាកោកៗពីក្រៅប្រទេសដដែល។ ត្រង់ចំណុចនេះ លោក ពេជ សោភ័ន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋផងដែរ សូមកុំលង់ជឿតាមការឃោសនាអកុសលរបស់ពួកគេឲ្យសោះ។

ក្រៅពីនេះ លោកបានដាស់តឿនដល់ប្រជាពលរដ្ឋ ពិសេសយុវជនត្រូវខិតខំពង្រឹងការសិក្សា និងការងារប្រចាំថ្ងៃរបស់ខ្លួន ពីព្រោះអ្វីដែលមានដូចពេលបច្ចុប្បន្ននេះមិនងាយរកបានឡើយ ដូច្នេះត្រូវតែក្ដាប់ឱកាសនេះឲ្យជាប់។

លោកបានដាស់តឿនផងដែរដល់អាជ្ញាធរ មន្ត្រីរាជការមូលដ្ឋាននានា គ្រូពេទ្យ លោកគ្រូ អ្នកគ្រូ ត្រូវបន្តខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរថែមទៀត ដើម្បីរួមគ្នាអភិវឌ្ឍន៍មូលដ្ឋានស្រុកព្រៃកប្បាស ឲ្យកាន់មានការរីកចម្រើន និងលេចធ្លោរក្នុងក្របខណ្ឌជាតិ។

បើតាមលោក ពេជ សោភ័ន រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅតែខិតខំថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ អភិវឌ្ឍន៍លើគ្រប់វិស័យ ការពារឯករាជ្យជាតិ អធិបតេយ្យភាពជាតិ ដើម្បីធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានភាពរីកចម្រើនប្រសើរឡើងជាងមុន ពិសេសស្រុកព្រៃកប្បាសនេះ តាមរយៈក្រុមការងារចុះជួយមូលដ្ឋាននេះ ក៏នៅតែបន្តខិតខំបំពេញការងារបម្រើប្រជាពលរដ្ឋឲ្យបានប្រសើរឡើងថែមទៀតដែរ។

លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅស្រុកព្រៃកប្បាស សូមអញ្ជើញទៅទស្សនានៅវិមានអនុស្សាវរីយ៍នៃនយោបាយឈ្នះ-ឈ្នះ ដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ពីប្រវត្តិតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន និងយុទ្ធជនដទៃទៀត ក្នុងការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ជាមួយគ្នានោះ លោក ហេង សួរ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រៃកប្បាស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ក៏បានអាន និងផ្សព្វផ្សាយនូវលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤១ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា និងពិធីរំឭកខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នះ៧មករា ជូនអង្គពិធីបានជ្រោតជ្រាបផងដែរ។

សូមជម្រាបថា ក្រោយពីថ្ងៃរំដោះ ៧ មករា ១៩៧៩ មក ស្រុកព្រៃកប្បាស ទទួលបាននូវសមិទ្ធផលជាច្រើនបន្តបន្ទាប់លើគ្រប់វិស័យ តាមរយៈក្រុមការងារចុះជួយមូលដ្ឋានផង សប្បុរសជនផង និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលផង ក្នុងនោះមានផ្លូវថ្នល់ដែលខ្ទេចខ្ទីអស់ក្នុងរបបខ្មែរក្រហម ឥឡូវនេះមានផ្លូវថ្នល់ក្រាលកៅស៊ូ បេតុង គ្រួសក្រហម និងផ្លូវលំជាច្រើនខ្សែ។ បច្ចុប្បន្ននេះ ស្រុកព្រៃកប្បាស មានអគារសិក្សាចំនួន ១៩៩ខ្នង ស្មើនឹង ៨៦០បន្ទប់, មានមន្ទីរពេទ្យបង្អែកស្រុកចំនួន ១កន្លែង មណ្ឌលសុខភាពចំនួន ៨កន្លែង ប៉ុស្តិ៍សុខភាពចំនួន ៣កន្លែង, មានវត្តអារាមសាសនាចំនួន ៣៣វត្ត និងមានព្រះសង្ឃគង់ចាំក្នុងវត្តចំនួន ៤៣៥អង្គ, ប្រជាជនបានផ្លាស់ពីការធ្វើស្រែតាមបែបប្រពៃណី មកជាការធ្វើកសិកម្មតាមបែបប្រពលវប្បកម្មទំនើប កសាងប្រព័ន្ធធារាសាស្ត្រសម្រាប់បញ្ជូនទឹកទៅស្រោចស្រពដំណាំរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់។ ចំណែកឯវិស័យផ្សេងៗទៀត ក៏កំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ៕