(កំពត)៖ នៅសាលប្រជុំសាលាខេត្តកំពត លោក ជាវ តាយ អភិបាលខេត្ត និងអភិបាលរងខេត្តមួយចំនួន ព្រមទាំងមន្ត្រីនៃមន្ទីរអង្គភាព និងអាជ្ញាធរពាក់ព័ន្ធ រួមនឹងតំណាងអង្គភាព ទ័ពកងពលលេខ១១ បានជួបប្រជុំជាមួយប្រជាពលរដ្ឋ​ចំនួន១៤គ្រួសារ ដែលពាក់ព័ន្ធនឹងទំនាស់ដីធ្លីខាងលើនេះ ដើម្បីសម្របសម្រួល ដោះស្រាយបញ្ចប់បញ្ហាឲ្យបានជ្រះស្រឡះ ក្នុងគោលការណ៍ឈ្នះ-ឈ្នះទាំងអស់គ្នា។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីមានការលេចឡើង តាមរយៈបណ្ដាញសង្គម Facebook ដោយបានបង្ហាញលើកឡើង អំពីបញ្ហាភាពអសកម្មពាក់ព័ន្ធ ទំនាស់ដីធ្លី រវាងកងកម្លាំងទ័ពកងពលលេខ១១ និងប្រជាពលរដ្ឋ នៅក្នុងតំបន់ដីព្រៃ ស្ថិតនៅភូមិព្រៃខ្មៅ ឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត ដែលបញ្ហាលើកឡើងខាងលើនេះ បានធ្វើឲ្យមានការប៉ះពាល់ ដល់ការដោះស្រាយទំនាស់ដីធ្លី ជូនប្រជាពលរដ្ឋរបស់រដ្ឋបាលខេត្តកំពត។

នៅក្នុងកិច្ចប្រជុំ លោក ជាវ តាយ បានបញ្ជាក់ថា កិច្ចប្រជុំពេលនេះ រដ្ឋបាលខេត្តកំពត ចង់បានធាតុចូលផ្ទាល់ ជាពិសេសរូបលោកផ្ទាល់ មានបំណងចង់ស្ដាប់ ពីការលើកឡើងរបស់ប្រជាពលរដ្ឋ ក៏ដូចតំណាងកងទ័ព នៃអង្គភាពកងពលលេខ១១ ដែលមានការលើកឡើងនូវឈ្មោះ ធ្វើឲ្យមានការប៉ះពាល់ រវាងរដ្ឋបាលខេត្តផង រវាងកងទ័ពនិងរវាងប្រជាពលរដ្ឋផង។

លោកអភិបាលខេត្ត បានលើកបញ្ជាក់ច្បាស់ថា ការអនុវត្តអ្វីដែលមានការពាក់ព័ន្ធ រវាងប្រជាពលរដ្ឋ និងកងពលលេខ១១នេះ ដូចតាមរយៈការលើកឡើង របស់តំណាងអង្គភាពទ័ព នៃកងពលលេខ១១ គឺមិនមែនទំនាស់រវាងអង្គភាពកងពលលេខ១១នោះទេ គឺទំនាស់រវាងបុគ្គល និងបុគ្គល។ ដូច្នេះបងប្អូនប្រជាពលរដ្ឋ ក៏ត្រូវតែយល់ឲ្យច្បាស់កុំចេះតែលើកឡើង ផ្តេសផ្តាសតទៅទៀត។

ដូចនេះទី១- រដ្ឋបាលខេត្តមានសិទ្ធចូលរួមដោះស្រាយជូន ឈរលើដំណោះស្រាយឈ្នះ-ឈ្នះ ពោលមានន័យថាបងប្អូនប្រជាពលរដ្ឋក៏ឈ្នះ និងខាងអតីតយុទ្ធជនក៏ឈ្នះដែរ, ទី២- រដ្ឋបាលខេត្ត គ្មានសិទ្ធដោះស្រាយឲ្យខាងនេះចាញ់ខាងនោះឈ្នះទេ បើឲ្យចាញ់ឬឈ្នះមានតែ តុលាការទេ ដូច្នេះដំណោះស្រាយរដ្ឋបាលខេត្ត មានតែដោះស្រាយឈ្នះ-ឈ្នះទាំងអស់គ្នា។

លោបានលើកឡើងទៀតថា ចំពោះបងប្អូនប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានថា រដ្ឋបាលខេត្ត គ្មានបញ្ជាណាមួយឲ្យទៅឈូសឆាយដី ដើម្បីទន្ទ្រានដីប្រជាពលរដ្ឋទេ ហើយការលើកឡើងរបស់បុគ្គល គឺជាការទទួលខុសត្រូវរបស់បុគ្គល មិនអាចនិយាយសម្តី យកមកធ្វើជាច្បាប់ ឬជាលិខិតបានទេ។ បើសិនជាមានការបញ្ជាពីរដ្ឋបាលខេត្ត សូមយកលិខិតហ្នឹងអំណះអំណាង ដើម្បីធ្វើជាផ្លូវការ សូម។បងប្អូនប្រជាពលរដ្ឋប្រយ័ត្នប្រយែង ក្នុងការប្រើពាក្យ។

តាមរយៈយន្តការដោះស្រាយនេះផងដែរ លោកអភិបាលខេត្ត ក៏បានសំណូមពរឲ្យ តំណាងអង្គភាពកងពលលេខ១១ បញ្ជូនឲ្យឈ្មោះ​ឬសមាសភាពកងទ័ព ដែលមានការពាក់ព័ន្ធទំនាស់ដីធ្លីនេះ មានប៉ុន្មាននាក់? ប៉ុន្មានគ្រួសារ? និងមានទំហំដីប៉ុន្មានមកឲ្យរដ្ឋបាលខេត្ត ដើម្បីរដ្ឋបាលខេត្តធ្វើការដោះស្រាយជូនធ្វើយ៉ាងណា ឲ្យកិច្ចការនេះពីធំមកតូចពីតូចទៅអស់ ព្រោះកន្លងទៅនេះ មានការលើកឡើងថា រដ្ឋបាលខេត្តមិនអើពើ ដោះស្រាយជូនប្រជាពលរដ្ឋ ទាំងនេះជាសិទ្ធលើកឡើងរបស់បុគ្គល ប៉ុន្តែអ្វីជាច្បាប់ មិនអាចនិយាយព្រាវបានទេ។

ជាក់ស្ដែងការលើកឡើងអំពីទំហំដី របស់បងប្អូនប្រជាពលរដ្ឋពេលនេះ មិនមានការច្បាស់លាស់។ ដូចនេះដើម្បីឲ្យមានការជាក់លាក់ មានតែការចុះអង្កេតវាស់វែង វាយតម្លៃជាក់ស្ដែង ដើម្បីឆ្លុះបញ្ចាំងការពិតថា តើប្រជាជនគាត់នៅទីតាំងហ្នឹងដែរឬអត់? ហើយមានឯកសារអីដែរឬក៏អត់ដោយដោះស្រាយជូនជាប្រញាប់ ដោយវិធីណា ដែលអាចឲ្យភាគីទាំងសងខាង យល់ព្រមទទួលយកបាន។ ទន្ទឹមនោះសូមឲ្យបងប្អូនប្រជាពលរដ្ឋស្ងប់ ដើម្បីទុកឲ្យរដ្ឋបាលខេត្តដោះស្រាយជូន។

សូមបញ្ជាក់ថា ពាក់ព័ន្ធការទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ និងអតីតយុទ្ធជន ដែលលើកឡើងក្នុងកិច្ចប្រជុំនេះ គឺជាដីព្រៃ បានឃ្លុំទុកសម្រាប់កំណើន ប្រជាពលរដ្ឋទៅថ្ងៃអនាគត មានចំនួន១០២ហិកតា ដែលសម្ដេចតេជោ សម្រេចប្រគល់បែងចែកជូនអតីតយុទ្ធជន ចំនួន៤១គ្រួសារ ក្នុងនោះដែរក៏មានប្រជាពលរដ្ឋ ចំនួន១៤គ្រួសារ ដែលទទួលបានដីនេះផងដែរ ដែលបញ្ហានេះ បានធ្វើឲ្យកើតឡើងទំនាស់គ្នាយ៉ាងក្តៅគគុក៕