(ស្ទឹងត្រែង)៖ ក្រុមការងាររបស់ក្រសួងសុខាភិបាល ដែលដឹកនាំដោយលោកស្រី ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល តំណាងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ បានយកអំណោយទៅចែកជូនប្រជាពលរដ្ឋ ចំនួន៣៦០គ្រួសារ ដែលរងគ្រោះដោយសារ ទឹកជំនន់ក្នុងរដូវវស្សាកន្លងទៅ នៅភូមិទាកទាម ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ការចែកអំណោយនេះ ក៏មានការចូលរួមពីលោក ថាក់ គឹមតាន់ សមាជិកក្រុមប្រឹក្សាខេត្ត, លោក ញ៉ែម សារី អភិបាលរងខេត្ត និងជាតំណាងលោក ម៉ុម សារឿន អភិបាលខេត្ត, លោក ផាន់ យុត អភិបាលស្រុកសៀមប៉ាង, លោក អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាល និងមន្ត្រីសុខាភិបាលជាច្រើនទៀតផងដែរ។ អំណោយរបស់ក្រសួងសុខាភិបាល ដែលចែកក្នុងឱកាសនោះមាន Family kids មួយកញ្ចាប់ធំ ចំនួន៣៦០កញ្ចប់ និងមុងជ្រលក់ថ្នាំ ចំនួន៣៦០ផងដែរ។

លោកស្រី ឱ វណ្ណឌីន បាននាំនូវបណ្តាំផ្ញើរ សួរសុខទុក្ខរបស់លោករដ្ឋមន្ត្រី ដែលជានិច្ចជាកាល តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខភាពរបស់ពលរដ្ឋ ដែលរស់ត្រាំត្រែង ក្នុងទឹករយះពេលយូរមកហើយ។ លោកស្រីថា ក្នុងគ្រាដែលទឹកកំពុងជន់លិច លោករដ្ឋមន្ត្រី បានអញ្ជើញចុះផ្ទាល់តាមលំនៅឋាន ដើម្បីចង់ដឹងពីសុខភាពរបស់ប្រជាពលរដ្ឋ  ដែលក្នុងដំណើររបស់លោកក៏បានចាក់ថ្នាំបង្ការ ដល់កូនក្មេងជាច្រើនរយនាក់ និងចែកថ្នាំសង្កូវជាច្រើនមុខថែមទៀត។

លោកស្រី បានបន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាគិតគូរពីសុខភាព រស់នៅប្រចាំថ្ងៃ តាមក្បូនវេជ្ជសាស្ត្រទាំងបីប្រការគឺ រស់ស្អាត ហូបស្អាត និងផឹកស្អាត កុំបីខាន។

សូមបញ្ជាក់ថា ក្នុងពេលកន្លងទៅ ស្រុកសៀមប៉ាង មានប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ចំនួនជា ១៣០០គ្រួសារ។ ស្រូវស្រែ ស្រូវចម្ការ និងផ្លូវថ្នល់ក៏បានរងការការខូចជាច្រើនផងដែរ​ ប៉ុន្តែពុំមានមនុស្សស្លាប់ ក្នុងហេតុការណ៍ទឹកជំនន់ខាងលើនោះទេ៕