(ភ្នំពេញ)៖ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ព្រមទាំងមន្ត្រីគ្រប់ជាន់ថ្នាក់ នៃធនាគារជាតិនៃកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះជំហរដ៏ម៉ឹងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារអធិបតេយ្យ ឯករាជ្យ ព្រមទាំងសុខសន្តិភាពរបស់កម្ពុជា ដោយមិនឱនលំទោនចំពោះការគំរាមកំហែង ឬព្រមានពីបរទេសណាមួយនោះ។

ការចេញមកប្រកាសគាំទ្ររបស់ថ្នាក់ដឹកនាំ និងមន្ត្រីធនាគារជាតិ បានធ្វើឡើងក្រោយពេលសម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបសំណេះសំណាលជាមួយនិស្សិត និងប្រជាពលរដ្ឋនៅក្នុងប្រទេសជប៉ុន កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨កន្លងទៅ ក្នុងអំឡុងពេលសម្តេចតេជោ អញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន បានប្រកាសរក្សាជំហរយ៉ាងម៉ឹងម៉ាត់បំផុតក្នុងការរក្សាអធិបតេយ្យ និងឯករាជ្យរបស់កម្ពុជា ដោយមិនអនុញ្ញាតឲ្យបរទេសណាមកជាន់ឈ្លី ជាថ្នូរនឹងជំនួយ ឬការព្រមានណាមួយនោះឡើយ។

សម្តេចតេជោ បានលើកឡើងថា ការឱនក្បាលចំពោះបរទេសមួយដង នឹងមានមានការឱនក្បាលជាបន្តបន្ទាប់មិនអាចងើបរួចនោះឡើយ ហើយការឱក្បាលចំពោះបរទេសជាថ្នូរសម្រាប់ជំនួយ ឬជាថ្នូរនឹងអ្វីមួយនោះ គឺជាការបំផ្លាញនូវអធិបតេយ្យ និងឯករាជ្យជាតិរបស់កម្ពុជាផងដែរ។ ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាប្រទេសជាតិតាំងពីក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នោះ សម្តេចតេជោ បានអះអាងថា សម្តេចនឹងមិនធ្វើទង្វើឱនក្បាលចំពោះបរទេសជាថ្នូរនឹងអ្វីមួយនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំនិយាយហើយនិយាយទៀតកុំយកអធិបតេយ្យជាតិទៅដូរជាមួយជំនួយ កុំយកសន្តិភាពរបស់ប្រទេសទៅដូរជាមួយជំនួយ។ ឥឡូវចង់នរណាចាត់ការកម្ពុជាតាមវិធីណាចាត់ការចុះ ប៉ុន្តែកម្ពុជាត្រូវរឹងមាំចំពោះគោលការណ៍ការពារអធិបតេយ្យ ឯករាជ្យជាតិរបស់ខ្លួន។ បើកម្ពុជាអនុវត្តន៍ច្បាប់កម្ពុជាមិនបានផង ចាំបាច់ទៅធ្វើកម្ពុជាធ្វើអី ចាំបាច់ធ្វើប្រទេសមួយធ្វើអី»

ក្នុងញត្តិគាំទ្ររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ លោក ជា ចាន់តូ បានលើកឡើងថា ការបង្ហាញជំហរដ៏ម៉ឹងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន គឺជាវីរភាពស្នេហាជាតិមាតុភូមិ និងគោរពយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាក្នុងមាត្រា៥២។

តាមរយៈញត្តិគាំទ្រនេះ លោក ជា ចាន់តូ និងមន្រ្តីធនាគារជាតិ បានគូសបញ្ជាក់យ៉ាងដូច្នេះ «យើងខ្ញុំសូមប្រកាសគាំទ្រយ៉ាងឱឡារឹកបំផុត និងប្តេជ្ញាអនុវត្តយ៉ាងពេញទំហឹងនូវប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាខាងលើនេះ ដែលបង្ហាញឲ្យឃើញពីចរិត និងស្មារតីជាគោលការណ៍រឹងដូចដែកថែបដោយមិនយកអធិបតេយ្យ ឯកភាពជាតិ និងសន្តិភាពដូរជាមួយជំនួយ និងកម្ពុជាត្រូវមានសិទ្ធិអនុវត្តអធិបតេយ្យភាពរបស់កម្ពុជា»

លោកអគ្គទេសាភិបាល និងមន្ត្រីក្រោមឱវាទ ក៏បានប្រកាសមិនគាំទ្រជាដាច់ខាតចំពោះគោលជំហរ របស់បុគ្គលមួយចំនួនមាននិន្នាការផ្ទុយ ដែលព្រមឱនក្បាលដាក់បរទេស ដើម្បីជាលេសលូកដៃកកូរកកាយជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់កម្ពុជា ដែលជារដ្ឋអធិបតេយ្យ៕

Advertising