(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីជូនដំណឹង ដល់និសិ្សត​ដែលបានដាក់ពាក្យប្រឡងចូលក្របខ័ណ្ឌ ឆ្នាំ២០១៨ និងអាណាព្យាបាល ដោយបញ្ជាក់ថា ការប្រឡងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ខាងមុខ គ្មានស៊ីសំណូក ឬអំពើពុករលួយអ្វីនោះឡើយ។

ក្រសួងសុខាភិបាល បានសង្កត់ធ្ងន់ថា «ការប្រឡងជ្រើសរើសនេះ មានការចូលរួមពីក្រសួងមុខងារសាធារណៈ និងសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។ ដើម្បីជៀងនូវពាក្យចចាមអារ៉ាមដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្លូរបស់ក្រសួង ក្រសួងសូមប្រកាសជាឱឡារិកថា អ្នកស៊ីសំណូក និងអ្នកសូកប៉ាន់ត្រូវមានទោសដូចគ្នា»

ក្រសួងសុខាភិបាល ក៏បានណែនាំដល់បេក្ខជនទាំងអស់ត្រូវខិតខំរៀនសូត្រ ពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីប្រឡងប្រជែងប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ កុំឲ្យមានការសូកប៉ាន់ ឬប្រព្រឹត្តអំពើពយករលួយផ្សេងៗ។ ក្នុងករណីមានបាតុភាពអសកម្មខាងលើនេះ សូមប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួត ដោយមានភ័ស្ដុតាងជាក់ស្ដែង ឬមកក្រសួងសុខាភិបាល ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕​