(ភ្នំពេញ)៖ ក្រុមហ៊ុនពាណិជ្ជកម្មឯកជន ដែលផ្ដោតទៅលើ សេវាពិគ្រោះយោបល់ ផ្នែកហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ដែលមានភរិយា លោក ស សុខា តំណាងរាស្ដ្រ គណបក្សប្រជាជនកម្ពុជា គឺលោកស្រី កែ សួនសុភី ជាប្រធានក្រុមហ៊ុននោះ បានប្រកាសឱ្យដឹងថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ ចាប់ពីម៉ោង២៖០០នាទីរសៀល ដល់ម៉ោង៨៖០០នាទីយប់ ក្រុមហ៊ុនរបស់ខ្លួន និងរៀបចំកម្មវិធីមួយដ៏ធំ ដែលមានឈ្មោះថា Currency World War (សង្គ្រាមរូបិយវត្ថុពិភពលោក) នៅក្លឹប Epic។

តាមរយៈសន្និសីទកាសែត នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ដែលធ្វើឡើង នៅទីស្នាក់ការក្រុមហ៊ុន GoldFX Investment Co.,Ltd (GFX) អគារ Sun City ផ្លូវលេខ៣៧០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ថ្នាក់ដឹកនាំក្រុមហ៊ុន បានបញ្ជាក់ថា ការប្រារឰកម្មវិធី Currency World War នាពេលខាងមុខនេះ ក្នុងគោលបំណងឱ្យ អ្នកចូលលេង មានឱកាស ទទួលបានផលប្រយោជន៍ភ្លាមៗពីការទិញ លក់រូបិយប័ណ្ណនៅពេលនោះ។

តំណាងក្រុមហ៊ុនបានសង្ខេប ដោយពន្យល់យ៉ាងដូច្នេះថា «កម្មវិធីនេះ ចង់បង្ហាញ និងប្រាប់ដល់អ្នកចូលលេងទាំងអស់ មានឱកាសទទួលផលចំណេញ ពីការទិញរូបិយវត្ថុបរទេស រួចនិងទទួលបានផលប្រយោជន៍ ពីកម្មវិធីមួយនេះភ្លាមៗទៀតផង»

ចំពោះកម្មវិធី Currency World War ត្រូវបានថ្នាក់ដឹកនាំ ក៏ដូចជាបុគ្គលិកក្រុមហ៊ុនពន្យល់ថា ជាកម្មវិធីបង្កើតឡើងដោយ បុរសជនជាតិជប៉ុនវ័យក្មេងម្នាក់ ឈ្មោះ Shinji Okawa ដោយផ្ដើមពីការ អានអត្ថបទជាច្រើនពីអ៊ិនធើណិត នូវសង្គ្រាមរូបិយប័ណ្ណ និងគិតថាវាជាតួនាទីមួយ ដើម្បីអប់រំប្រជាជនពី បញ្ហានាពេលខាងមុខ។ បុគ្គលិកក្រុមហ៊ុន ផ្នែកទំនាក់ទំនង កញ្ញា នីកា បានពន្យល់យ៉ាងសាមញ្ញាថា ប្រទេសនីមួយៗលើពិភពលោក មានការប្រកួតប្រជែងរូបិយប័ណ្ណ ដូច្នេះប្រទេសទាំងនោះ តែងតែចង់ឱ្យ មានការចុះទាបនូវ រូបិយប័ណ្ណរបស់ខ្លួន ងាយស្រួលនាំចេញទំនិញបានច្រើន ហេតុដូច្នេះហើយ ទើបបុរសជនជាតិជប៉ុន វ័យក្មេងរូបនេះ បង្កើតកម្មវិធីខាងលើនេះឡើង ក្នុងគោលបំណង អប់រំមនុស្សឱ្យយល់ពីហានិភ័យ និងផលចំណេញ។

តាមរយៈសន្និសីទកាសែតខាងលើនេះ ថ្នាក់ដឹកនាំក្រុមហ៊ុន ក៏បានប្រកាសពីការចុះឈ្មោះចូលរួមកម្មវិធីមួយនេះនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥ នៅភោជនីយដ្ឋាន Mango Mango ចាប់ពី ម៉ោង៩ដល់ ម៉ោង៩៖៣០នាទីយប់។

នៅក្នុងសន្និសីទកាសែតខាងលើ អ្វីដែលមានការចាប់អារម្មណ៍នោះ គឺក្រុមហ៊ុនពាណិជ្ជកម្មមួយនេះ បានដាក់ឡូហ្គោ អង្គភាព Fresh News ដែលចង់បង្ហាញឱ្យឃើញថា អង្គភាពព័ត៌មានរបស់យើងខ្ញុំ បានចូលរួមសហការជាមួយក្រុមហ៊ុន ដើម្បីផ្សព្វផ្សាយពីគោលបំណង និងទិសដៅទៅដល់ ប្រជាពលរដ្ឋខ្មែរទូទៅ បានយល់ដឹង និងចាប់អារម្មណ៍ចូលលេង គោលបំណងទទួលបាន ផលចំណេញភ្លាមៗ៕